Luke 7

ជំនឿ​របស់នាយ​ទាហាន​រ៉ូម​

1ពេល​ព្រះអង្គ​មាន​បន្ទូល​ទៅ​បណ្ដាជន​ដែល​កំពុង​ស្ដាប់ចប់សព្វគ្រប់​ហើយ​ព្រះអង្គ​ក៏​យាងចូលទៅក្នុង​ក្រុង​កាពើណិម 2ពេលនោះមាន​បាវបម្រើជា​ទី​សំណព្វចិត្ដ​របស់​នាយទាហានម្នាក់​បាន​ឈឺជិតស្លាប់ 3កាលបាន​អំពី​ព្រះ​យេស៊ូ​នាយទាហាន​នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​នៃ​ជនជាតិ​យូដាមកអង្វរព្រះអង្គដើម្បី​ឲ្យ​ព្រះអង្គ​យាងមកប្រោសបាវបម្រើ​របស់​គាត់ឲ្យជា 4អ្នកទាំងនោះក៏មក​ព្រះ​យេស៊ូ​ហើយ​បាន​អង្វរព្រះអង្គយ៉ាងទទូចថា៖ ​«គាត់​ស័ក្ដិសម​ទទួល​ការប្រោសប្រណី​ពី​លោក​ណាស់ 5ដ្បិតគាត់​ស្រលាញ់​ជនជាតិ​របស់​យើងព្រមទាំងសង់សាលាប្រជុំ​ឲ្យ​យើងផង»។ 6ដូច្នេះព្រះ​យេស៊ូក៏​យាង​ទៅជាមួយពួកគេប៉ុន្ដែពេលព្រះអង្គ​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពីផ្ទះនោះនាយទាហាន​ក៏​ចាត់​ពួក​មិត្ដសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ ​«លោកម្ចាស់អើយ! ​កុំ​ឲ្យ​រំខាន​លោក​ព្រោះខ្ញុំមិនស័ក្ដិសម​ឲ្យ​លោក​មក​ក្នុងផ្ទះ​របស់​ខ្ញុំទេ 7ដូច្នេះហើយបានជា​ខ្ញុំ​គិតថាខ្លួនខ្ញុំមិនស័ក្តិសមមកជួបលោកប៉ុន្ដែ​សូម​លោក​និយាយ​តែ​មួយ​ម៉ាត់​ចុះ​នោះបាវបម្រើ​របស់​ខ្ញុំ​នឹង​ជាសះស្បើយ​មិនខាន 8ដ្បិតខ្ញុំជាមនុស្សម្នាក់​ដែល​ស្ថិតនៅក្រោមសិទ្ធិអំណាចដែរ​ខ្ញុំ​មានទាហានជាច្រើននៅក្រោម​បញ្ជា​ខ្ញុំបើ​ខ្ញុំ​ប្រាប់​ម្នាក់​នេះ​ឲ្យ​ទៅ​គេ​នឹង​ទៅ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក​គេ​នឹង​មកហើយ​ប្រាប់​បាវបម្រើ​របស់​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នេះ​គេ​ក៏ធ្វើ» 9កាលបាន​​សេចក្ដី​ទាំងនេះ​ព្រះ​យេស៊ូស្ងើចសរសើរគាត់រួចបែរមកមានបន្ទូល​នឹង​បណ្ដាជន​ដែល​កំពុង​ដើរតាមព្រះអង្គថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នាថានៅអ៊ីស្រាអែលខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះទេ»។ 10ពួកអ្នកដែល​ត្រូវបាន​ចាត់ឲ្យមកក៏ត្រលប់ទៅផ្ទះវិញ​ហើយ​បាន​ឃើញបាវបម្រើនោះមានសុខភាពល្អ

ព្រះយេស៊ូប្រោស​កូន​ប្រុស​របស់ស្ត្រី​​មេម៉ាយ​ម្នាក់​

11នៅ​ថ្ងៃ​បន្ទាប់​នោះ​ព្រះអង្គ​បាន​យាងទៅក្រុងមួយឈ្មោះណាអ៊ីនហើយ​មាន​សិស្ស​របស់​ព្រះអង្គនិងបណ្ដាជនច្រើនកុះករ​បាន​រួមដំណើរជាមួយព្រះអង្គ 12ពេលព្រះអង្គ​មកជិតដល់ទ្វារក្រុងមាន​គេ​សែងសពមនុស្សម្នាក់ចេញមក​ដែល​ជា​កូនប្រុសទោលស្ដ្រីមេម៉ាយម្នាក់និង​មាន​អ្នកក្រុងនោះច្រើនកុះករ​បាន​នៅជាមួយស្ដ្រីនោះ 13កាលបាន​ឃើញស្ដ្រីនោះព្រះអម្ចាស់​មាន​សេចក្ដី​អាណិតអាសូរដល់នាងក៏មានបន្ទូល​ទៅ​នាងថា៖ ​«ឈប់យំសោក​ទៀត​ទៅ» 14រួចព្រះអង្គ​ក៏​ចូលមកពាល់ក្ដារមឈូស​ពួក​អ្នក​កំពុង​សែង​បាន​ឈរនៅទ្រឹងហើយ​ព្រះអង្គ​មានបន្ទូលថា៖ ​«អ្នកកំលោះអើយ! ​ខ្ញុំ​ប្រាប់អ្នក​ចូរ​ក្រោកឡើង»។ 15បុរសនោះ​ក៏ក្រោកអង្គុយហើយចាប់ផ្ដើមនិយាយរួច​ព្រះអង្គ​បាន​ប្រគល់អ្នកកំលោះ​នោះ​ឲ្យ​ម្ដាយ​របស់​គាត់​វិញ 16ហើយមនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដីកោតខ្លាចទាំងសរសើរតម្កើងព្រះជាម្ចាស់ថា៖ ​«មាន​អ្នកនាំព្រះបន្ទូលដ៏ធំម្នាក់​បាន​លេចឡើងក្នុងចំណោមយើងហើយ» ​ហើយ​ពួកគេ​និយាយ​ទៀត​ថា៖ ​«ព្រះជាម្ចាស់​បាន​មកមើលប្រជារាស្ដ្រ​របស់​ព្រះអង្គហើយ»។ 17ដំណឹងអំពីព្រះអង្គនេះ​បាន​ឮសុសសាយនៅក្នុង​ស្រុក​យូដាទាំងមូលនិងតំបន់ទាំងអស់នៅជុំវិញ​នោះ។

ព្រះយេស៊ូសរសើរ​លោកយ៉ូហាន​

18ហើយ​ពួក​សិស្ស​របស់​លោកយ៉ូហាន​បាន​ប្រាប់​លោក​យ៉ូហាន​អំពី​ការ​ទាំងអស់នេះ​គាត់​ក៏ហៅសិស្សពីរនាក់​ក្នុង​ចំណោម​ពួក​សិស្ស​របស់​គាត់​មក 19រួចបាន​ចាត់​ពួកគេ​ឲ្យទៅ​ទូល​សួរ​ព្រះ​យេស៊ូ​ថា៖ ​«តើ​លោកជាព្រះអង្គ​ដែល​ត្រូវ​យាងមក​ក៏​យើង​ត្រូវ​ទន្ទឹងចាំ​ព្រះ​មួយ​អង្គ​ទៀត 20កាលពួកគេមកដល់ក៏​ទូល​សួរព្រះអង្គ​ថា៖ ​«លោក​យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក​បាន​ចាត់យើងឲ្យមកសួរលោកថាតើលោកជាព្រះ​មួយអង្គ​ដែល​ត្រូវ​យាងមក​យើង​ត្រូវ​រង់ចាំមួយ​អង្គ​ទៀត 21នៅពេលនោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើនឲ្យបានជាពីជំងឺរោគាផ្សេងៗនិង​ពី​វិញ្ញាណអាក្រក់ទាំងឡាយហើយ​បាន​ប្រោសមនុស្សខ្វាក់ជាច្រើន​ឲ្យ​មើល​ឃើញ 22ព្រះអង្គមានបន្ទូលឆ្លើយ​ទៅ​អ្នកទាំងពីរនោះថា៖ ​«ចូរ​ទៅប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នករាល់គ្នា​បាន​ឃើញនិង​បាន​ចុះ​គឺ​មនុស្សខ្វាក់បានភ្លឺ​មនុស្ស​ខ្វិន​បាន​ដើរ​រួច​មនុស្ស​ឃ្លង់​បាន​ជាស្អាត​មនុស្ស​ថ្លង់​បាន​ស្ដាប់ឮ​មនុស្ស​ស្លាប់បានរស់វិញ​ហើយ​អ្នកក្រ​បាន​ឮដំណឹងល្អ 23អ្នកដែលមិនរវាតចិត្តពីខ្ញុំមានពរហើយ»។ 24ពេលអ្នកនាំសារ​ឲ្យ​លោក​យ៉ូហានចាកចេញ​ទៅ​ព្រះអង្គ​ក៏​ចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពី​លោក​យ៉ូហានថា៖ ​«តើ​អ្នករាល់គ្នា​ចេញទៅមើលអ្វីនៅទីរហោឋាន? ​មើល​ដើមត្រែង​ដែល​ត្រូវខ្យល់បក់​ឬ? 25តើអ្នករាល់គ្នា​ចេញទៅមើលអ្វី? ​មើល​បុរសម្នាក់​ដែល​ស្លៀកសម្លៀកបំពាក់ស្អាតប្រណិត​ឬ? ​នែ៎! ​អ្នកស្លៀកពាក់រុងរឿងហើយ​រស់នៅ​ក្នុង​ភាពហ៊ឺហាគឺនៅដំណាក់ស្ដេច​ឯណោះ។ 26ដូច្នេះតើ​អ្នករាល់គ្នា​ចេញទៅមើលអ្វី? ​អ្នកនាំព្រះបន្ទូល​ឬ? ​មែនហើយខ្ញុំ​ប្រាប់​អ្នករាល់គ្នាថា​អ្នកនោះ​វិសេស​ជាង​អ្នកនាំព្រះបន្ទូលទៅទៀត 27ដ្បិតអ្នក​នេះ​ហើយ​ដែល​មាន​សេចក្ដីចែងទុកអំពី​គាត់​ថា​មើល៍​យើង​ចាត់ទូតយើង​ឲ្យទៅ​មុនអ្នកដែលជាអ្នករៀបចំដំណើរ​របស់​អ្នកជាមុន 28ខ្ញុំប្រាប់​អ្នករាល់គ្នាថាក្នុងចំណោម​មនុស្ស​ដែល​កើត​ពី​ស្ដ្រី​មក​គ្មានអ្នកណាវិសេសជាង​លោក​យ៉ូហាន​ទេ​ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរព្រះជាម្ចាស់វិសេសជាងគាត់ទៅទៀត»។ 29ពេលប្រជាជនទាំងអស់រួមទាំង​ពួក​អ្នកទារពន្ធដារ​បាន​ស្ដាប់ឮ​ហើយ​ក៏​ទទួលស្គាល់​សេចក្ដីសុចរិត​របស់​ព្រះជាម្ចាស់​ព្រោះ​ពួកគេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​របស់​លោក​យ៉ូហាន 30ប៉ុន្ដែពួក​អ្នកខាង​គណៈ​ផារិស៊ីនិង​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ច្រានចោលបំណង​របស់​ព្រះជាម្ចាស់សម្រាប់ពួកគេ​ព្រោះ​ពួកគេ​មិន​ទទួល​ពិធី​ជ្រមុជទឹកតាមរយៈលោកយ៉ូហានទេ 31«ដូច្នេះ​តើ​ឲ្យ​ខ្ញុំ​ប្រៀបប្រដូចមនុស្សជំនាន់នេះ​ទៅ​នឹង​អ្វីហើយ​ពួកគេ​ប្រៀប​បាន​នឹង​មនុស្សបែបណា? 32ពួកគេប្រៀប​បាន​ដូចជាក្មេងដែលអង្គុយនៅផ្សារស្រែក​ទៅ​ពួក​គ្នាវាថា​យើង​ផ្លុំខ្លុយ​ឲ្យ​ពួក​ឯងតែ​ពួក​ឯង​មិនរាំ​ទេ​ហើយ​យើង​ស្មូត្រតែ​ពួក​ឯង​មិនយំសោកសោះ 33ដ្បិតលោក​យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក​បាន​មក​ទាំង​មិនបរិភោគអាហារមិនផឹកស្រាទំពាំងបាយជូរតែ​អ្នករាល់គ្នា​និយាយថា​គាត់​មានអារក្សចូល 34កូនមនុស្ស​បាន​មក​ទាំង​បរិភោគនិងផឹកតែ​អ្នករាល់គ្នា​និយាយថាមើល៍បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភស៊ីល្មោភផឹក​ជា​មិត្ត​របស់​ពួក​អ្នក​ទារ​ពន្ធដារនិងមនុស្សបាប 35ប៉ុន្ដែប្រាជ្ញា​ត្រូវ​បាន​បញ្ជាក់​ថា​ត្រឹមត្រូវដោយសារផលផ្លែវាទាំងអស់»។

ស្ដ្រី​មាន​បាប​​ចាក់​ប្រេង​លាប​ព្រះយេស៊ូ

36មាន​អ្នកខាង​គណៈ​ផារិស៊ីម្នាក់អញ្ជើញព្រះយេស៊ូ​ឲ្យមក​បរិភោគជាមួយ​ពេល​យាង​ចូលទៅក្នុងផ្ទះរបស់អ្នកខាង​គណៈ​ផារិស៊ី​នោះ​ហើយ​ព្រះអង្គ​ក៏​អង្គុយ​នៅ​តុអាហារ 37ហើយមើល៍នៅក្រុងនោះ​មាន​ស្ដ្រីម្នាក់ជា​មនុស្ស​បាបហើយ​កាល​បាន​ដឹង​ថា​ព្រះយេស៊ូ​កំពុង​អង្គុយ​នៅ​តុអាហារក្នុងផ្ទះរបស់អ្នកខាង​គណៈ​ផារិស៊ី​នាង​ក៏​យកប្រេងក្រអូប​មួយ​ដបមក 38និងបាន​ឈរ​ពី​ខាងក្រោយ​ទាំង​យំ​នៅ​ទៀបបាទាព្រះអង្គ​នាង​ចាប់ផ្ដើមសម្រក់​ទឹក​ភ្នែក​លើ​បាទាព្រះអង្គនិង​យក​សក់របស់នាងជូតហើយ​ក៏​ថើបបាទាព្រះអង្គទាំងលាបប្រេងក្រអូប​ឲ្យ​ផង 39កាលអ្នកខាង​គណៈ​ផារិស៊ីដែល​បាន​អញ្ជើញព្រះអង្គឃើញ​ដូច្នេះ​ក៏​គិត​ក្នុង​ចិត្ដ​ថា៖ ​«បើ​លោក​នេះ​ជាអ្នកនាំព្រះបន្ទូលមែន​លោក​មុខជា​ដឹងថាស្ដ្រីដែល​កំពុង​ពាល់លោកជានរណានិង​ជា​ស្ដ្រី​បែបណា​ហើយ​ព្រោះ​នាង​ជា​មនុស្ស​បាប»។ 40ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ ​«ស៊ីម៉ូនអើយ! ​ខ្ញុំ​មាន​រឿង​មួយប្រាប់អ្នក»។ ​គាត់ទូលថា៖ ​«សូម​លោកគ្រូនិយាយ​មក​ចុះ»។ 41«មាន​កូនបំណុលពីរនាក់​ជំពាក់​អ្នកចងការប្រាក់ម្នាក់​គឺ​ម្នាក់ជំពាក់ប្រាំរយឌេណារីហើយ​ម្នាក់​ទៀតហាសិប​ឌេណារី 42ពេលពួកគេគ្មានអ្វីសង​អ្នកចងការ​ក៏​លើកលែង​ឲ្យ​ទាំងពីរ​នាក់។ ​ដូច្នេះ​តើ​ក្នុង​ចំណោម​ពីរ​នាក់​នេះ​អ្នកណា​ស្រលាញ់គាត់ច្រើនជាង 43លោកស៊ីម៉ូន​ក៏​ទូលតបថា៖ ​«ខ្ញុំ​គិតថា​គឺ​អ្នកដែល​គាត់​បាន​លើកលែងច្រើន!» ​ព្រះអង្គ​មានបន្ទូលថា៖ ​«អ្នក​វិនិច្ឆ័យត្រូវណាស់» 44ពេលបែរទៅរកស្ដ្រីនោះ​ព្រះអង្គ​មានបន្ទូល​ទៅ​លោក​ស៊ីម៉ូនថា៖ ​«តើ​អ្នក​ឃើញ​ស្ដ្រីនេះ​ទេ! ​ពេល​ខ្ញុំ​ចូលមកក្នុងផ្ទះ​របស់​អ្នក​អ្នក​មិន​បាន​ឲ្យ​ទឹកខ្ញុំ​លាង​ជើងទេ​ផ្ទុយទៅវិញ​នាង​បាន​សម្រក់​ទឹក​ភ្នែក​លាង​ជើង​ឲ្យ​ខ្ញុំ​និង​បាន​យក​សក់​របស់​នាង​ជូត​ជើង​ខ្ញុំ។ 45អ្នកមិន​បាន​ថើបខ្ញុំទេប៉ុន្ដែនាង​វិញ​បាន​ថើបជើង​របស់​ខ្ញុំរហូតតាំងពីពេល​ខ្ញុំ​ចូលមក 46អ្នកមិន​បាន​លាបប្រេង​លើ​ក្បាលខ្ញុំទេប៉ុន្ដែនាង​វិញ​បាន​លាបប្រេងក្រអូប​លើ​ជើង​របស់​ខ្ញុំ 47ហេតុនេះខ្ញុំ​ប្រាប់​អ្នក​ថា​នាង​មាន​សេចក្ដី​ស្រលាញ់ច្រើនព្រោះ​នាង​បាន​ទទួល​ការលើកលែងទោសបាបជាច្រើន​របស់​នាង​ហើយ​ប៉ុន្ដែ​ចំពោះ​អ្នកណាដែល​មាន​សេចក្ដី​ស្រលាញ់តិច​នោះ​ព្រោះ​បាន​ទទួល​ការលើកលែងទោសតិច​ដែរ»។ 48រួចព្រះអង្គ​ក៏​មានបន្ទូល​ទៅ​នាងថា៖ ​«បាប​របស់​អ្នក​បាន​ទទួលការលើកលែងទោសហើយ»។ 49ពួក​អ្នក​កំពុង​អង្គុយ​នៅ​តុអាហារ​ជាមួយ​ព្រះអង្គ​ក៏​ចាប់ផ្ដើមគិតក្នុង​ចិត្ដ​ថា៖ ​«តើ​អ្នក​នេះជានរណាដែល​អាច​លើកលែងទោសបានសូម្បីតែបាបក៏ដោយ 50ព្រះអង្គក៏មានបន្ទូលទៅស្ដ្រីនោះថា៖ ​«ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ​ចូរ​ទៅដោយសុខសាន្តចុះ»។
Copyright information for KhmKCB